អាថ៍កំបាំងឧបសគ្គស្នេហ៍
ដេណាសម្លឹងផ្ទះមាត់ទឹកពីចម្ងាយព្រោះនាងត្រូវបានហាមឃាត់មិនឱ្យចូលឡើយ។
នាងដឹងថាផ្ទះនោះជាផ្ទះរបស់ស្វាមីពេញច្បាប់របស់នាងនិងអតីតភរិយា។
ដេណាពិតជាចង់ចូលទៅខ្លាំងណាស់ព្រោះនាងគិតថានាងអាចរកតម្រុយបានខ្លះពីទីនោះ
ហើយជាពិសេសនាងក៏អាចរកឃើញសៀវភៅកំណត់ហេតុរបស់មេឡាផងមិនដឹង។
ដេណាចង់ដើរចូលពិតមែនតែមនុស្សរបស់អេដៀននៅទីនោះប្រាកដជាមិនឱ្យនាងចូលទៅឡើយទើបនាងបែរមកមាត់ទឹកវិញចាំរកផ្លូវចូលពេលក្រោយតែនាងក៏ឃើញម័រនីងដែលកំពុងដើរតាមមាត់ទឹក។
ដេណាមិនហ៊ានស្រែកព្រោះខ្លាចក្មេងភ័យទើបនាងព្យាយាមដើរចូលទៅជិតយឺតៗដើម្បីលួងឱ្យចេញពីកន្លែងគ្រោះថ្នាក់នោះ។
ដេណាមើលជុំវិញក៏គ្មានអ្នកណាឃើញគេដែរទើបនាងសម្រេចចិត្តចូលទៅ
«ម័រនីង»
ម័រនីងក្រលេកឃើញដេណាក៏រត់ទើបដេណាក៏តាមព្រោះខ្លាចគេធ្លាក់ទឹក
«ម័រនីងកុំរត់ប្រយ័ត្នធ្លាក់ទឹក»
«ម័រនីង!»
ក្នុងពេលនោះអេដៀនក៏មកដល់ល្មម ហើយម័រនីងដែលឮសម្លេងឪពុកក៏ឈប់ភ្លាមៗហើយងាកទៅរក។
ការឈប់ភ្លាមៗនេះ បណ្តាលឱ្យដាណាបាត់បង់ជំហររអិលធ្លាក់ចូលទឹកភ្លាម
«ជួយផង!»
ដេណាស្រវេស្រវារកអ្នកជួយ ហើយកូនចៅដែលយាមនៅផ្ទះមាត់ទឹកក៏រត់មកបម្រុងមកជួយតែក៏ត្រូវអេដៀនសម្លឹងមុខ
«ជួយផង!
ជួយខ្ញុំផង» ម័រនីងដែលពេលនេះនៅក្នុងរង្វង់ដៃរបស់អេដៀនក៏ភាំងនឹងទង្វើឪពុកដូចគ្នា
«លោកប៉ា
ជួយគាត់ផងទៅ»
«ដេណា
ប្លេកគឺជាសិស្សឆ្នើមផ្នែកអត្តពលិកកីឡាហែលទឹកដែលបានមេដាយមាស៣ឆ្នាំជាប់គ្នាកាលនៅរៀនវិទ្យាល័យ
បើខ្ញុំចាំមិនខុសនោះ» ដេណានាងក៏បានឮសម្តីអេដៀននិយាយពេលនេះដែរតែនាងមិនអាចតវ៉ាអ្វីទាំងដែលនាងកំពុងតែត្រូវលង់ទឹក
គេពិតជាឈាមត្រជាក់មិនខ្វល់សូម្បីជិវីតនាង។
កម្លាំងចុងក្រោយប្រាប់នាងថានេះមើលទៅជាដង្ហើមនៃនាទីចុងក្រោយរបស់នាងហើយ
វាពិតជាគួរឱ្យស្តាយដែលការពិតមិនទាន់បានបញ្ជាក់ នាងមិនអាចដឹងការពិតបាន។
«អេដៀន!
ហេតុអ្វីឯងធ្វើបែបនេះ?» អ្នកស្រីវីមឺក៏មកដល់ហើយស្រែកដាក់អេដៀន
«ឆាប់ចុះទៅជួយនាងទៅ»
អេដៀនងាកទៅរកកូនចៅហើយក៏មានមនុស្សជាច្រើនលោតទៅជួយសង្គ្រោះ
«លោកប៉ា.....»
«កូននិងប៉ានៅមានរឿងនិយាយគ្នា»
នៅក្នុងបន្ទប់សៀវភៅដែលស្ងាត់ឈឹងក្រោមទឹកមុខអេដៀនដែលកែវភ្នែកខ្មៅនិលក៏ដកក្រសែភ្នែកពីអសៀវភៅក៏សម្លឹងទៅកូនប្រុស
«ដឹងខ្លួនទេថាបានធ្វើអ្វីថ្ងៃនេះ?»
«ម័រនីងសុំទោស»
«ថ្ងៃស្អែកប៉ានឹងបញ្ជូនកូនទៅស៊ុយអែត»
«ទេ! កូនមិនទៅទេ»
អេដៀនដាក់សៀវភៅចុះហើយដើរមករកកូនប្រុស។
គេឱនចុះហើយសួរមេបង្ករហេតុដែលនៅចំពោះមុខមិនព្រមដឹងខ្លួនខុស
«ទៅសុំទោសគេឬក៏ប៉ាបញ្ជូនកូនទៅស៊ុយអែត?»
«បងស្រីម្នាក់នោះនៅទីនេះដើម្បីទាមទារចំណាប់អារម្មណ៍ប៉ាណា
ប៉ាមិនអាចចាញ់បោកគាត់ទេ គាត់ចង់ទៅផ្ទះមាត់ទឹកដែលជាកន្លែងរបស់អ្នកម៉ាក់
គាត់មានគំនិតជំនួសអ្នកម៉ាក់»
«ម័រនីង.......»
មិនស្មានថាកូនប្រុសគេនៅក្មេងយ៉ាងនេះតែបែរជាគំនិតបែបនេះក្នុងខួរក្បាល
«កូនដឹងថាកូនខុស
កូនទៅសុំទោសគាត់ តែប៉ាកុំបញ្ជូនកូនទៅស៊ុយអែតវិញអី
អ្នកម៉ាក់នៅទីនេះកូនចង់នៅជាមួយអ្នកម៉ាក់»
«យប់នេះទៅគេងផ្ទះមាត់ទឹកល្អទេ?»
«ល្អណាស់ៗ
កូនមានរឿងនិយាយជាមួយអ្នកម៉ាក់ច្រើនណាស់»
អេដៀនអង្អែលក្បាលកូនប្រុសដែលបង្ហាញនូវភាពរីករាយពេលបានទៅទៅផ្ទះនោះ
វាជាផ្ទះដែលពោរពេញទៅដោយការចងចាំរវាងគេនិងនាង។
«កូននឹងនិយាយអ្វីជាមួយអ្នកម៉ាក់?»
«ច្រើនណាស់
ទោះកូនមិនដែលឃើញអ្នកម៉ាក់តែអ្នកម៉ាក់ស្ថិតក្នុងបេះដូងជានិច្ច។ លោប៉ា!
តើអ្នកម៉ាក់ជួបលោកប៉ាយ៉ាងម៉េចទៅ?»
«.............»
អេដៀនមិនឆ្លើយតែគេនៅតែចាំមិនភ្លេចថ្ងៃដែលនៅហាងកាហ្វេនោះឡើយ



Comments
Post a Comment