អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី ១៧

ដេណាបើកភ្នែកឡើងក៏ឃើញថាខ្លួននៅក្នុងបន្ទប់គេង។ នាងនឹកឃើញរឿងដែលបានកើតឡើង ហើយវាពិតជាគួរឱ្យខ្លាច ជាពិសេសកែវភ្នែកអេដៀនដែលមើលនាងស្លាប់នៅចំពោះមុខ

«ឯងភ្ញាក់ហើយ?»

«អ្នកម៉ាក់» ដេណាក៏ប្រុងងើបឡើង

«មិនបាច់ទេ គេងទៅ ថ្ងៃក្រោយកុំទៅទីនោះទៀត» ដេណាអាចដឹងបានថានេះជាសម្តីព្រមានរបស់ម្តាយក្មេក

«ហេតុអ្វីទៅ?»

«ឯងដឹងឬក៏ធ្វើមិនដឹង? ទីនោះជាកន្លែងរបស់ស្រីម្នាក់នោះ អេដៀនគេកាពារទីនោះណាស់ បើឯងធ្វើអ្វីផ្តេសផ្តាសនោះ ខ្ញុំប្រហែលមិនអាចជួយឯងបានទៀតទេ»

«លោកយាយ!» ម័រនីងចូលមកដល់ល្មមកាត់ចង្វាក់ការសន្ទនា

«មេបង្កររឿង» លោកយាយដែលស្រលាញ់ចៅតែនៅតែបន្ទោសមិនដាច់ពីមាត់

ដេណាសង្កេតឃើញថាពេលដែលត្រូវស្តីឱ្យបែបនេះ គេក៏ដាក់ទឹកមុខចុះព្រមទទួលកុំហុសដែលខ្លួនបានប្រព្រឹត្ត។ មើលទៅអេដៀនចញ្ចឹមកូនប្រុសម្នាក់ឯងពិតមែន តែគេចញ្ចឹមបានយ៉ាងល្អ។

«មកនេះមក» លោកយាយក៏ហុចដៃឱ្យចៅប្រុសខិតមកជិត

«ខ្ញុំសុំទោសដែលធ្វើឱ្យបងធ្លាក់ទឹក លើកក្រោយខ្ញុំមិនធ្វើបែបនឹងទៀតទេ» ម័រនីងនិយាយទៅកាន់ដេណាដែលដេកលើគ្រែ

«មិនអីទេ តែកុំធ្វើបែបនេះទៀត វាគ្រោះថ្នាក់ខ្លាំងណាស់»

«...........»

«យ៉ាងម៉េចនឹង ដឹងខុសហើយ?» លោកយាយមិនសួរមិនបានពេលទឹកមុខគេមិនល្អ

«ខ្ញុំដឹងខុសតែខ្ញុំមិនអាចទាន់ទទួលបងជាម៉ាក់ខ្ញុំទេ ខ្ញុំមានម៉ាក់តែម្នាក់ទេ»

«ហេតុអ្វីនិយាយបែបនេះ? ប្រាកដជាក្មេងពាលដានៀលនោះហើយ» ភ្លាមៗនោះដេណាក៏ប៉ះដៃម្តាយក្មេកហើយងាកទៅម័រនីង

«មិនអីទេ ខ្ញុំមិនខឹងទេ ត្រឹមគេជាក្មេងល្អគឺបានហើយ»

ពេលព្រឹកឡើង ដេណាក៏ងើបដោយពិបាកហើយក៏វិលមុខខ្លាំងដែរធ្វើឱ្យនាងឈរសឹងតែមិនត្រង់ខ្លួនផង។

«លោកស្រី» ស្រីបម្រើម្នាក់ដើរចូលមក

«នេះម៉ោងប៉ុន្មានហើយ?» នាងយកដៃញីក្បាល

«លោកស្រីភ្ញាក់ពីព្រលឹមតែម្តង អ្នកទាំងអស់គ្នាកំពុងរៀបចំទទួលទានអាហារពេលព្រឹក» ដេណាដែលឮបែបនេះក៏ចង់ចុះទៅក្រោមតែម្តង

«ជួយរៀបចំឱ្យខ្ញុំបន្តិច»

ក្រោយរៀបចំខ្លួនរួចដេណាក៏ចុះទៅក្រោម ជំពប់ភ្នែកនឹងអេដៀនដែលកំពុងទទួលទានអាហារពេលព្រឹកម្នាក់ឯង គ្មានអ្នកណានៅឡើយ។ ដេណាក៏ស្ទាក់ស្ទើរចង់ចូលទទួលទានអាហារ តែក៏មិនហ៊ានប្រឈមមុខនឹងគេ។

អេដៀនទម្លាក់កាបិតនិងសមចុះហើយក៏ដើរចេញពីតុបាយ តែគេក៏មិនភ្លេចបន្សល់ឃ្លាចាក់ដោតមួយដែរ។

«លើកក្រោយលើកអាហារឱ្យខ្ញុំនៅផ្ទះមាត់ទឹក» អេដៀននិយាយទៅកាន់ស្រីបម្រើម្នាក់

«ច៎ា អ្នកប្រុស»

ដេណាដឹងថាគេស្អប់នាង ហើយនាងក៏មិនប្លែកចិត្តបើគេមិនចង់ឃើញមុខនាងដែរ។ គោលបំណងនាងមកទីនេះគឺដើម្បីស្វែងរកកំណត់ត្រារបស់មេឡាប៉ុន្នោះ។

«អ្នកស្រីមានទូរសព្វ»

«ឱ្យមកខ្ញុំមក»

ដេណាបើកទូរសព្វក៏ឃើញថាជាលេខអ៊ំស្រីដែលជាមេផ្ទះនៅឯរោងអាហារ។ ដេណាក៏មានស្នាមញញឹមព្រោះនាងបានឱ្យគាត់ស៊ើបរកមនុស្សជំនិតរបស់នាង៥ឆ្នាំមុន។ នាងគិតថាមើលទៅប្រហែលមានតម្រុយខ្លះជាមិនខាន ទើបនាងរកកន្លែងស្ងប់ស្ងាត់ក៏ខលទៅរកវិញ

(សួស្តីអ្នកនាងតូច)

«សួស្តីអ៊ំស្រី»

(ខ្ញុំជួបមនុស្សម្នាក់ដែលដឹងពីពត៌មានរបស់ឆាមែនហើយ)


ភាគទី ១៨ (Part 18)

Comments