អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី ១៣

«នេះជាទិន្នន័យការព្យាបាលទាំងស្រុងរបស់ដេណា ប្លេកនៅអាមេរិក» អេដៀនជូតទឹកភ្នែកបន្តិចហើយបែរមកក៏អង្គុយលើសាឡុងមើលឯកសារទាក់ទងនឹងភរិយាជានាមរបស់គេ។

«ដេណា ប្លេកពិតជាធ្លាប់ទទួលការប៉ះទង្កិចពិតមែនដែលបណ្តាលឱ្យនាងបាត់កងចងចាំ»

«ឯងចេញទៅក្រៅចុះ ខ្ញុំអានបានហើយ»

ពេលវ៉ិចទ័រចេញទៅបាត់គេក៏គប់ឯកសារនោះទៅនឹងជញ្ជាំង។ អ្នកណាថាគេចង់ដឹងរឿងស្រីដែលធ្វើឱ្យមនុស្សដែលគេស្រលាញ់បាត់បង់ជិវីតទៅ។ កាលពីពេលដែលដេណាទើបមកដល់ហុងកុងភ្លាម គេនៅឯស៊ុយអែតក៏ត្រលប់មកហុងកុងជាបន្ទាន់ហើយបញ្ជូនឱ្យមនុស្សទៅស៊ើបពីនាង តែពត៌មានទាំងនោះត្រូវបានលាក់បាំងយ៉ាងអាថ៍កំប៉ាំងហាក់បីដូចជានរណាម្នាក់មិនចង់ឱ្យគេដឹងឡើយ ទើបគេព្យាយាមម្តងទៀត ហើយកបានពត៌មានថានាងពិតជាបាត់បង់ការចងចាំមែន

អេដៀនមិនចង់ឱ្យនាងបាត់បង់ការចងចាំទេ គេចង់ឱ្យនាងដឹងគ្រប់យ៉ាងចង់ឱ្យនាងសងគ្រប់យ៉ាងនូវអ្វីដែលជំពាក់គ្រួសាររបស់គេ។

«លោកប្រុស»

«ឆាប់ចេញទៅ!» គេស្រែកខ្លាំងៗ

«លោកប្រុស ខ្ញុំគិតថាវាមានទិន្នន័យមួយចំនួនដែលវាស្រពេចស្រពិល» អេដៀនក៏សម្លឹងមុខគេដោយកែវភ្នែកពោរពេញដោយកំហឹង ធ្វើឱ្យគេរត់ទៅរើសក្រដាសភ្លាមៗហើយហុចឱ្យអេដៀន

«នាងមានការវះកាត់កែសម្ផស្សនិងចូលមន្ទីរពេទ្យផ្លូវចិត្តរយះពេល២ឆ្នាំ»

«ចូលមន្ទីរពេទ្យផ្លូវចិត្ត?»

«បាទ»

«មានអ្វីនៅក្នុងនេះមិនខាន ឯងមានបានឆែកបន្ថែមទេ?» អេដៀនក៏បើកឯកសារមើល

«នាងចូលមន្ទីពេទ្យផ្លូវចិត្តពេលវះកាត់មុខមាត់រួចរាល់ ហើយក៏សម្រាកទីនោះរយះពេល២ឆ្នាំ ព្រោះនាងមានជម្ងឺផ្លូវចិត្តជាទម្ងន់»

«ជម្ងឺផ្លូវចិត្តឬ?»

«បាទ»

«ចុះបើនាងមានជម្ងឺនោះម្តងទៀត?»

«លោកម្ចាស់...........» វ៉ិចទ័រដឹងថាគំនុំក្នុងចិត្តអេដៀនបៀមទុកយ៉ាងជ្រៅតែមិននឹកស្មានថាវាខ្លាំងខ្លាដល់ថ្នាក់ធ្វើបាបមនុស្សមិនដឹងអី

«អូ ទេទេ ខ្ញុំគ្រាន់តែធ្វើឱ្យនាងមានការចងចាំវិញមិនប៉ុន្នោះ»

បើសិនជាដេណា ប្លេកមានការចងចាំម្តងទៀតនាងប្រាកដជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដូចកាលពី៣ឆ្នាំមុននោះ នាងប្រាកដភ្លាយជាមនុស្សឆ្កួតមិនខាន។ អេដៀនគេមិនសម្លាប់តែបែរជាចង់ឱ្យនាងរស់នៅដូចស្លាប់ទាំងរស់វិញ វិធីនេះវាពិតជាឃោរឃៅជាងយកកាំភ្លើងបាញ់ចំទ្រូងទៅទៀត។

ដេណាចុះពីឡានសម្លឹងមើលហាងលក់គ្រឿងសម្អាងមួយកន្លែងដែលនាងចង់លក់ភាគហ៊ុនទាំងមូលតែម្តងព្រោះនាងមិនមានមហិច្ចតាអ្វីច្រើនទៀតនោះទេ គ្រាន់តែចង់សាងអំពើបាបដែលខ្លួនបានធ្វើឬអត់តែប៉ុន្នោះ។

«អ្នកនាង ដេណា អូមិនមែនទេៗ អ្នកស្រីវីមឺហើយមែនទេ?» ម្នាក់ដែលជាអ្នកចាត់ការក្នុងហាងក៏ចេញមកទទួលនាង

«អ្នកដែលខ្ញុំណាត់ជួបគេមកដល់ឬនៅ?»

«បាទ បាទ គេមកដល់ហើយ»

«អរគុណ លោកមេធាវី អញ្ជើញចូលក្នុង»

អ្នកណាទាយដឹងថាពិភពលោកនេះពិតជាមូលមែន អ្នកដែលចង់ទិញភាគហ៊ុននាងគឺជាប្អូនប្រុសរបស់អេដៀននឹងឯង។

«សួស្តី អ្នកស្រីវីមឺ»

«លោក ដានៀល......ពិតជាចៃដន្យមែន»

«តែសម្រាប់ខ្ញុំមិនមែនចៃដន្យទេ»

អារម្មណ៍ដែលនាងបានដំបូងពីគេគឺដូចជាក្មេងប្រុសម្នាក់ដែលគួរឱ្យស្រលាញ់និងអាណិត តែនៅចំពោះមុខនាងពេលនេះវាហាក់បីដូចជាមិនដូចអ្វីដែលនាងជួបគេពីដំបូងទៀតឡើយ។​ ក្រោយពីចុះកិច្ចសន្យាការលក់រួចរាល់នាងក៏សម្រេចចិត្តចាកចេញ តែត្រូវដានៀលឃាត់

«បងថ្លៃ សុំទោសមិនដឹងថាពួកយើងអាចញុំាអាហារមួយពេលជមួយគ្នាបានទេ?»

«អញ្ចឹងទៅហាងកាហ្វេខ្ញុំតែម្តងទៅ ព្រោះខ្ញុំនឹងទៅទីនោះ»

ភាគទី ១៤ (Part 14)

Comments