អាថ៍កំបាំងឧបសគ្គស្នេហ៍


 ភាគទី ៨

ពេលព្រឹកព្រលឹមក៏មានមេធាវីមករកដេណាទើបធ្វើឱ្យនាងត្រូវរវល់ទាំងព្រឹកព្រោះរឿងនៃបណ្តាំកេរ្ត៍មរតក។

«មិនដឹងជាលោកអេដៀននៅទីនេះដែរទេ?« មេធាវីសួរនាង

«គាត់ទៅក្រុមហ៊ុនតាំងពីព្រឹក»

«អញ្ចឹងខ្ញុំផ្តាំទុកសំបុទ្រនេះឱ្យគាត់ផង ជាសំបុទ្ររបស់លោកថេនដឺ ប្លេកផ្ញើរមកឱ្យគាត់មុនពេលទទួលអនិច្ចកម្មទៅ» ដេណាលូកដៃទទួលសំបុទ្រហើយក៏ងាកទៅមេធាវី

«ចុះមានរបស់ខ្ញុំទេ?»

«មិនមានទេ តែប្រហែលលោកប៉ារបស់អ្នកនាងនិយាយអ្វីខ្លះពីអ្នកនាងក្នុងសំបុទ្រនេះក៏ថាបាន»

«ខ្ញុំយល់ហើយ»

«អ៎មែនហើយ នៅមានអាជីវកម្មជាច្រើនដែលអ្នកម៉ាក់អ្នកនាងបន្សល់ទុកដូចជានៅក្នុងឯកសារនេះមានដូចជា ហាងអាហារបុហ្វេ មជ្ឈមណ្ឌលកែសម្ផស្ស ហាងលក់គ្រឿងសម្អាង ដែលទាំងបីនេះអ្នកម៉ាក់អ្នកនាងមានភាគហ៊ុនធំ ចំណែកឯផ្សេងៗទៀតមានភាគហ៊ុនប្រហែល​ ២០ ទៅ​ ១០ និង ៥%។ មិនដឹងថាអ្នកនាងចង់គ្រប់គ្រងបន្ត ឬក៏លក់ទាំងអស់»

«ខ្ញុំក៏បានដឹងត្រួសៗពេលស្តាប់កេរ្ត៍មរតកដែរ អឹម......ខ្ញុំចង់លក់មួយចំនួនតែប៉ុន្នោះចាំខ្ញុំឱ្យដំនឹងលោកតាមក្រោយ»

ក្រោយពីពិភាក្សារឿងទ្រព្យសម្បត្តិរួចនាងក៏ចង់ដើររកមនុស្សម្នាក់ដើម្បីដើរមើលជុំវិញផ្ទះ ព្រោះនាងត្រូវតែរកសៀវភៅកំណត់ហេតុរបស់មេឡាឱ្យឃើញ ព្រោះមានតែសៀវភៅនេះទេដែលជាកូនសោឱ្យនាងដឹងរឿងអតីតកាលបាន។

«ឯងឈ្មោះអ្វី?» អ្នកបម្រើដែលមកប្រមូលកែវជាអ្នកបម្រើតែមួយដែលនាងជួបនៅបន្ទប់យប់មិញ

«ខ្ញុំឈ្មោះហៅក្រៅមីគី លោកស្រីមានអ្វីឱ្យខ្ញុំបម្រើមែនទេ?»

«ខ្ញុំចង់ឱ្យឯងកំដរខ្ញុំដើរលេងបន្តិច»

«ច៎ាលោកស្រី»

អែងាដើរតាមបន្ទប់នីមួយៗតាមការបង្ហាញរបស់អ្នកបម្រើតែមិនមែនជាកន្លែងដែលនាងចង់ទៅឡើយ។ នាងគិតថាមានតែពីរប៉ុន្នោះគឺបន្ទប់គេងនិងធ្វើការរបសអេដៀន។

«ពីមុន លោកស្រីមេឡារស់នៅឯណាទៅ?»

«គឺ........» មើលទៅគ្មានអ្នកណាបើកចិត្តប្រាប់នាងទេ

«នៅក្នុងបន្ទប់ជាមួយអេដៀនមែនទេ?» នាងសួរដើម្បីបន្លប់កុំឱ្យពិបាកដល់អ្នកបម្រើ

«ប្រហែលហើយ»

ពេលនេះល្ងាចទៅហើយ នាងក៏បានកូនសោមកដែរអ្នកបម្រើមិនឱ្យនាងចូលបន្ទប់របស់អេដៀនមិនចឹងមានតែនាងលួចតែប៉ុន្នោះ។

«ឯងទៅចុះខ្ញុំស្គាល់អស់ហើយ» ពេលអ្នកបម្រើទៅបាត់នាងក៏ចាក់សោចូលបន្ទប់ធ្វើការមុនគេ

នាងបានចូលកាលពីយប់មិញមើលមិនច្បាស់ព្រោះតែឈ្លោះគ្នាទើបគ្មានពេលចាប់អារម្មណ៍។ ដេណាដើរទៅតុធ្វើការក៏ឃើញរូបថតស្រីម្នាក់និងក្មេងប្រុសម្នាក់នៅលើតុនោះ។ នាងលើកយករូបមនុស្សស្រីមកមើលបើទាយមិនខុសនាងគឺជាមេឡាជាភរិយារបស់អេដៀនមិនខាន។ នាងមើលទៅមិនសូវស្អាតដូចជានាងទេគ៏ប៉ុន្តែកែវភ្នែកនាងស្រទន់ណាស់ និងស្នាមញញឹមពោរេញដោយពន្លឺតែមិនដឹងមូលហេតុអ្វីនាងមានអារម្មណ៍មិនចូលចិត្តមុខនោះទាល់តែសោះ។​ ដេណាក៏ទុករូបថតមេឡាហើយក៏លើករូបថតក្មេងប្រុសម្នាក់នោះដែលនៅជាទារកគួរឱ្យស្រលាញ់ណាស់។ គេមានមុខមាត់ដូចម្តាយច្រើនជាងឪពុក ជាពិសេសត្រង់បបូរមាត់ដែលសើចហាក់បីដូចជាពន្លឺព្រះអាទិត្យនាពេលព្រឹកអញ្ចឹង។

ដេណាដើរមើលជុំវិញបន្ថែមតែនាងមិនបានអ្វីឡើយ សូម្បីតែបន្ទប់គេង។ នាងគិតថាវាប្រាកដជាត្រូវបានលាក់ទុកនៅឯណាជាមិនខានទើបនាងយកសោទុកកន្លែងដើមហើយដើរទៅខាងមុខផ្ទះ។

«អូយ» ក្មេងតូចម្នាក់រត់មកបុកនាងហើយក៏ស្រែកថាឈឺ

«អេ!» ដេណាអង្គុយចុះដើម្បីមើលក្មេងប្រុសម្នាក់នេះឱ្យចំ នាងក៏ដឹងថាជាង្នកប្រុសតូចរបស់វីមឺ

«បងស្រីឈឺទេ? ខ្ញុំសុំទោស» សម្លេងតូចតែគួរឱ្យស្រលាញ់សួរមកកាន់នាង

«ទេ មិនឈឺទេ តែឯងឈឺទេ?»

«ខ្ញុំមិនឈឺទេ គ្រាន់តែបន្តិចប៉ុន្នោះ» និយាយបណ្តើរក៏ធ្វើដៃប្រាប់បណ្តើរ

«មកទីនេះបានយ៉ាងម៉េច?»

«ខ្ញុំដឹងថាលោកប៉ារៀបការប្រពន្ធថ្មីទើបខ្ញុំមកជួបនាង តើបងស្រីដឹងថានាងនៅឯណាទេ?»

Comments