អន្ទាក់ស្នេហ៍ ភាគ៣


 

អន្ទាក់ស្នេហ៍

ភាគ ៣

            ខុនដូនៅអាគារខ្ពស់ទំនើបកណ្ដាលទីក្រុងត្រូវតុបតែងដោយគ្រឿងសង្ហារឹមប្រណីត វាំងននពណ៌ស បើកបង្ហាញទស្សនីយភាពសៀងហៃកណ្ដាលរាត្រីយ៉ាងស្រស់ស្អាត។

            «បងទិញខុនដូនេះ?»

            «អឺម ជាកាដូសម្រាប់អូន ពេញចិត្តដែរទេ?»

            «អរគុណ ប៉ុន្តែអាផាតមិនអូនរាល់ថ្ងៃក៏ល្អ មិនឃើញចាំបាច់អីត្រូវប្ដូរ»

            «នៅអាផាតមិនអូនមិនសូវមានសុវត្ថិភាពទេ រើមកនៅទីនេះបងទុកចិត្តជាង» វិនឆឹង ដាក់បង្គុយលើសាឡុងមុខទូរទស្សន៍ ដៃម្ខាងប្រឡេះឡេវអាវ ដៃម្ខាងទៀតកាន់ថេបប្លេតអានឯកសារការងារ ស៊ូស៊ូសម្លឹងមើលគេដោយមិនមាត់មិន ក ។

            «បងគួរតែសួរអូនសិន»

            «មានអីត្រូវសួរ បងគ្រាន់តែចង់ឲ្យអូនរស់នៅបានសុខស្រួលជាងមុនប៉ុណ្ណោះ អូនច្បាស់ជាមិនបដិសេធស្រាប់ហើយ» គេមិនបានសង្កេតឃើញទឹកមុខរបស់នាងចាប់ផ្ដើមប្រែ នៅពេលឮពាក្យសម្ដីគេនិយាយចប់។ ស៊ូស៊ូ ដើរខិតទៅជិតគេ នាងមិនបានអង្គុយលើសាឡុងជាមួយគេ គ្រាន់តែឈរក្បែរ។

            «វិនឆឹង បងចាំដែរទេថាយើងជួបគ្នាដំបូងនៅពេលណា?»

            «ពេលអូនធ្វើជាជំនួយការបងនៅក្រុមហ៊ុន» ខុស! នៅថ្ងៃជប់លៀងបុគ្គលិក ៦ឆ្នាំមុន។​ ពេលដែលនាងធ្វើជាជំនួយការរៀបចំកម្មវិធី គេនៅស្ដីឲ្យនាងរឿងរៀបចំអាហារសម្រន់សម្រាប់ក្រុមអគ្គនាយកមិនបានល្អទៀតផង មួយឆ្នាំបន្ទាប់ពីនោះទើបនាងឡើងធ្វើជាជំនួយការគេ។

            «ចុះយើងចាប់ផ្ដើមទាក់ទងគ្នាពេលណា?»

            «​អឺម តាំងពី៤ឆ្នាំមុន?» ខុស!​ ៣ឆ្នាំមុន នៅថ្ងៃជប់លៀងខួបកំណើតរបស់ប៉ារបស់គេ ទាក់ទងគ្នាបានកន្លះឆ្នាំនាងក៏ដាក់ពាក្យលាឈប់ធ្វើការ។

            «ចុះបងដឹងអូនចូលចិត្តញ៉ាំអី ចូលចិត្តពណ៌អី និងចូលចិត្តធ្វើអីដែរទេ? ហើយអ្វីជាក្ដីស្រមៃធំបំផុតរបស់អូន?»

            «កើតអី? ម៉េចក៏ថ្ងៃនេះសួរបងច្រើនម្ល៉េះ?» ទីបំផុត គេក៏ព្រមបែរចេញពីកិច្ចការក្នុងដៃហើយងាកមកមើលនាង។

            «ចុងក្រោយ បងធ្លាប់ចាប់អារម្មណ៍ឬយកចិត្តទុកដាក់នឹងអារម្មណ៍អូនដែរទេ? បើគ្មានលេខាបងចាំរំលឹក តើបងអាចចាំអ្វីបានខ្លះទាក់ទងនឹងអូន?»

            «ស៊ូអ៊ឺ» វិនឆឹងមិនយល់ថាស៊ូអ៊ឺ កើតអី នាងមិនធ្លាប់សួរអីចម្លែកៗបែបនេះ។ មុននេះនៅសុខៗសោះ មិនអញ្ចឹង។

            ស៊ូស៊ូ ប្រសព្វភ្នែកនឹង វិនឆឹងដែលងើបមកប្រឈមមុខនឹងនាង។ ណ្ហើយ នាងហត់ហើយ គេមិនយល់….មិនធ្លាប់យល់ពិតមែន។ នាងញញឹមដាក់គេ តែជាស្នាមញញឹងពោរពេញដោយភាពសោកសៅ។ ស៊ូស៊ូ ខិតទៅទាល់តែជិតខ្លួនគេ អាចធុំក្លិនទឹកអប់តម្លៃថ្លៃដែលគេតែងតែបាញ់លើខ្លួន ក្លិនក្រអូបទាក់ទាញដែលនាងខ្លាចថាមួយជីវិតនេះ នាងនឹងគ្មានថ្ងៃបំភ្លេចបាន។

            បបូរមាត់តូចផ្ដិតថើបថ្នមៗនៅលើបបូរមាត់គេ វិនឆឹង ស្រឡាំងកាំងនឹងទង្វើខុសប្លែកពីធម្មតារបស់ស៊ូអ៊ឺ ប៉ុន្តែគេក៏មិនបានច្រាននាងចេញ។ ភាពផ្អែមល្ហែម និងសោកសៅលាយឡំគ្នារហូតមានដំណក់ទឹកឧណ្ហៗហូរចុះតាមកន្ទុយភ្នែករបស់នាង។ ស៊ូស៊ូប្រាប់ខ្លួនឯងនៅក្នុងចិត្ត បន្តិចទៀត នាងសុំពេលតែបន្ដិចទៀតប៉ុណ្ណោះ សុំឲ្យភាពផ្អែមល្ហែមមួយនេះបន្តបានបន្តិចទៀតផងចុះ       

            រង្វង់ដៃរបស់គេ ការឱបក្រសោបរបស់គេ ស្នាមថើបរបស់គេនៅពេលនេះ គ្រប់យ៉ាងបង្កប់ទៅដោយភាពទន់ភ្លន់ ថ្នាក់ថ្នម ដែលកប់យ៉ាងជ្រៅ និងផ្ដល់កម្ដៅដល់បេះដូងដែលកំពុងត្រជាក់ស្រេបរបស់នាង។ ស៊ូស៊ូ បិទភ្នែកទទួលយកភាពកក់ក្ដៅពីគេដោយការឈ្លក់វង្វេង តែយ៉ាងណានាងក៏ដឹងថានេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ នាងគួរតែលោតគេចចេញពីអន្ទាក់នេះ មុនពេលដែលភ្លើងស្នេហាមួយនេះវារាលដុតនាងឲ្យឆេះខ្លោចលែងសល់សភាព។ បើដល់ពេលនោះ ទោះជានាងចង់បកក្រោយក៏លែងទាន់ដែរ។

            «វិនឆឹង» សម្លេងហៅឈ្មោះគេតិចៗយ៉ាងស្រទន់ចេញពីមនុស្សដែលគេកំពុងឱបនៅក្នុងរង្វង់ដៃ។ វិនឆឹងឆ្លើយ អឺម តិចៗក្នុងបំពង់ ក គេស្រវាយកតេឡេម៉ាស៊ីនត្រជាក់នៅលើតុក្បាលគ្រែដំណេកបន្ថយសីតុណ្ហភាព នៅក្នុងបន្ទប់ព្រោះគិតថានាងរងារ។

            «បងដឹងទេ ៦ឆ្នាំមុនពេលជួបបងនៅក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ អូនគិតថាបងជាមនុស្សអាក្រក់ យល់តែចិត្តខ្លួនឯងបំផុត ជាចៅហ្វាយដែលចាំតែបញ្ជានិងបន្ទោស រឿងអាហារនោះ អូនមិនបានខុសបន្ដិចផង បងមិនសួរមិននាំ ក៏ស្ដីឲ្យអូន។ ១ឆ្នាំក្រោយ បងខ្វះលេខា ប្រធានផ្នែកបុគ្គលិកតំឡើងតំណែងអូនជាជំនួយការបង បងគិតថាអូនសប្បាយចិត្តទេ? តំណែងក៏ឡើង ប្រាក់ខែក៏ឡើង តែធ្វើការជាមួយបងអូនមិនធ្លាប់គេងបានលើសពី៣ម៉ោង រត់ខ្វែងដៃខ្វែងជើងរាល់ថ្ងៃ បាយក៏ញ៉ាំមិនដែលត្រង់មាត់ ប្រធានផ្នែកអស់នោះមួយថ្ងៃៗចាំតែចាប់កំហុសអូន មិនត្រឹមតែប៉ុណ្ណោះសូម្បីការងារផ្ទាល់ខ្លួនបងភាគច្រើនក៏អូនជាអ្នករៀបចំនិងដោះស្រាយ បងមិនសរសើរក៏ណ្ហើយចុះ តែនៅរករឿងបន្ទោសអូនរាល់ថ្ងៃទៀត។ អូនអន់ចិត្ត បងឮទេ?»

            «សុំទោស» គេនិយាយ​និងឱនថើបថ្ងាសនាងថ្នម។ ស៊ូស៊ូបន្តឹងរង្វង់ដៃដែលឱបចង្កេះគេ កើយក្បាលលើដើមទ្រូងដ៏កក់ក្ដៅរបស់គេ។

            «ប៉ុន្តែទោះជាខឹងបងនិងគិតថាបងអាក្រក់ប៉ុណ្ណា អូននៅតែ... បងគ្រោះថ្នាក់ណាស់ ដឹងខ្លួនឬអត់? អូនចូលចិត្តពេលបងធ្វើការ ចូលចិត្តពេលបងផ្តោតអារម្មណ៍លើការងារ ចូលចិត្តពេលបងចងចិញ្ចើម អូនចូលចិត្តពេលបងស្ដីឲ្យ ចូលចិត្តសឹងតែគ្រប់យ៉ាង តែអូនចូលចិត្តបំផុតពេលបងកាន់ដៃអូនចេញពីខួបកំណើតប៉ារបស់បងហើយនាំអូនទៅមើលសួនផ្កាកុលាបដែលម៉ាក់បងដាំដោយផ្ទាល់ដៃ អូនចាញ់ក្លិនផ្កាតែអូនចូលចិត្តពេលបងថើបអូននៅកណ្ដាលហ្វូងផ្កាទាំងអស់នោះ»

            «មានពេលបងនឹងនាំអូនទៅម្ដងទៀត»

            នាងគ្រវីក្បាលតិចៗនៅលើដើមទ្រូងគេ «ប៉ុន្ដែបន្ទាប់ពីទាក់ទងគ្នា អូនសង្កេតឃើញថាអូនចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងៗ ជាពិសេសបន្ទាប់ពីអូនឈប់ធ្វើជំនួយការបង។ បងនៅតែយកចិត្តទុកដាក់នឹងការងារតែអូនលែងចូលចិត្តបងបែបហ្នឹងទៀតហើយ បងរវល់គ្រប់ពេល។​ជំនួសឲ្យការចងចញ្ចើមធ្វើមុខក្រញ៉ូវ អូនចង់ឃើញបងញញឹមច្រើនជាង។ បងមើលថែអូនបានល្អ សម្ភារៈ សម្លៀកបំពាក់ គ្រឿងអលង្ការ អូនមិនធ្លាប់ខ្វះ ប៉ុន្តែរបស់អស់នោះសម្រាប់អូនជំនួសវត្តមាននិងការយកចិត្តទុកដាក់បងមិនបាន។ អូនមិនចោះត្រចៀក លេខាបងមិនដឹង កុម្មង់តែម៉ូតក្រវិលឲ្យអូននៅថ្ងៃខួបកំណើត។ លេខាបងមិនដឹងថាអូនចាញ់ក្លិនផ្កា ថ្ងៃបុណ្យនៃក្ដីស្រលាញ់រាល់ឆ្នាំក៏រៀបចំប៉ាច់ផ្កាឲ្យអូន តាមពិតទៅអូនធ្លាប់ប្រាប់បងហើយ តែបងភ្លេច មិនបានប្រាប់លេខាបង។ អូនមិនធ្លាប់ចូលចិត្តញ៉ាំផាស្ដា ដែលអូនព្រមញ៉ាំព្រោះបងជាអ្នកកុម្ម៉ងឲ្យប៉ុណ្ណោះ។»

            វិនឆឹង ស្ដាប់ដោយស្ងៀមស្ងាត់ គេដឹងថានាងអន់ចិត្ត អញ្ចឹងក៏បណ្តោយឲ្យនាងបញ្ចេញមកចុះ ដៃម្ខាងរបស់គេមូរសរសៃសក់របស់នាងលេង។

            «វិនឆឹង អូនគ្រាន់តែចង់ឲ្យបងចាប់អារម្មណ៍អូនបន្តិចប៉ុណ្ណោះ។ ថ្ងៃជួបគ្នាដំបូង ថ្ងៃខួបដែលយើងចាប់ផ្ដើមទាក់ទងគ្នា ថ្ងៃបុណ្យនៃក្ដីស្រលាញ់ បងមិនចាំក៏មិនអី តែបងអាចយកចិត្តទុកដាក់នឹងអារម្មណ៍អូនខ្លះបានដែរទេ? អូនមានប្រតិកម្មនឹងអី ចូលចិត្តញ៉ាំអី ចូលចិត្តធ្វើអី មិនចូលចិត្តអី សួរនាំខ្លះផង តើបានទេ? បងសន្មតតែខ្លួនឯង របស់ខ្លះល្អមែន តែវាមិនសាកសមនឹងអូន បង​​យល់ទេ?។ ដូចបងជាដើម……មិនធ្លាប់សាកសមនឹងអូន»

            វិនឆឹង ទច់ដៃដែលកំពុងអង្អែលក្បាលនាង «ស៊ូអ៊ឺ អូនចង់និយាយអីឲ្យប្រាកដ?»

            «យើងគួរតែបញ្ចប់ទៅ អូនហត់ហើយ អូនល្ងង់ខ្លួនឯង ពីដំបូងក៏ដឹងហើយថាបងយ៉ាងម៉េច តែអូនមានះគិតថាអូនអាចទទួលយកបងជាបងបែបនេះបាន គិតថាប្រហែលជាបងអាចផ្លាស់ប្ដូរបានខ្លះ ល្ងង់គិតថាក្ដីស្រលាញ់អូនអាចប្រែចរឹកសោះអង្គើយនិងងប់នឹងការងាររបស់បងបាន» និយាយដល់ត្រឹមនេះ នាងក៏ចាប់ផ្ដើមអួលដើម ក ទឹកភ្នែកឧណ្ហៗរមៀលធ្លាក់លើស្បែកទទេស្អាតរបស់វិនឆឹងយ៉ាងស្ងៀមស្ងាត់។ ដៃដែលឱបក្រសោបស្មារបស់នាង ចាប់បញ្ចេញកម្លាំងប្រុងស្រវានាងឲ្យងើបអង្គុយមើលចំមុខរបស់គេ តែស៊ូអ៊ឺរឹតរង្វង់ដៃខ្លួនដែលឱបចង្កេះគេជាការតតាំង។

            «កុំអី នៅបែបនេះហើយ ឲ្យអូននិយាយឲ្យចប់សិន» នាងប្រាប់ខ្លួនឯងឲ្យក្លាហានឡើងនៅក្នុងចិត្ត នេះវាដល់ពេលហើយដែលនាងត្រូវនាំខ្លួនឯងចេញពីអន្ទាក់ស្នេហាមួយនេះ។

            «បងមិនខុសទេ ជាមនុស្សប្រុសនិងជាស្វាមីដែលស្រីគ្រប់គ្នាប្រាថ្នា ជាបុរសដែលយកចិត្តទុកដាក់នឹងការងារ មានគោលដៅច្បាស់លាស់ និងអាចជាបង្គោលគ្រួសារដ៏រឹងមាំ តែអូន...អូនលោភលន់ បងល្អប៉ុណ្ណឹងហើយនៅមិនស្កប់ ចង់ឲ្យបងយកចិត្តទុកដាក់ ចង់ធ្វើជាទីមួយរបស់បងគ្រប់ពេលទាំងដែលដឹងថាបងរវល់គ្រប់ពេលគឺព្រោះតែការងារប៉ុណ្ណោះ។ អូនមិនល្អ អូនសុំទោសដែលគ្រាន់តែអ្នកផ្សេងធ្វើល្អនឹងអូនបន្តិច យកចិត្តទុកដាក់បារម្ភពីរឿងតូចតាចរបស់អូនបន្តិច អូនក៏អន់ចិត្តនឹងបង។ អូនខឹង អូនហត់ អូនធុញនឹងខ្លួនឯងដែលមិនបានការយ៉ាងនេះ ចាំឲ្យបងងាកមកមើលគ្រប់ពេល បារម្ភគ្រប់ពេល និងតែងតែចាំចាប់កំហុសទង្វើបងជារឿយៗ អ្នកដទៃល្អដាក់បន្ដិចក៏ច្រលំយកបងទៅប្រៀបធៀបជាមួយគេ។ វិនឆឹង អូនសុំទោស‍‍‍​ អូនពិតជាមិនសមនឹងបង នឹងជីវិតរស់នៅបែបនេះពិតមែន»

            «ស៊ូអ៊ឺ អូនម៉េចក៏ចេះតែបែបនេះ? កុំយករឿងដែលអត់ប្រយោជន៍អញ្ចឹងៗមកគិត តើបានទេ? អូនត្រូវការអី ចង់បានអី អូនគ្រាន់តែប្រាប់បង បងនឹងឲ្យលេខារៀបចំឲ្យអូនភ្លាម។ គិតអញ្ចេះទៅចុះ ចុងខែនេះអូនទៅដើរលេងនៅអឺរ៉ុបជាមួយមិត្តភ័ក្ដឲ្យសប្បាយនិងស្រស់ស្រាយចិត្ត ចាំបងឲ្យរីកឃើរៀបចំឲ្យ។ បងយល់ច្បាស់ថាអូនតានតឹងនឹងការងារពេកទើបគិតច្រើន បងស្រលាញ់អូន ទោះបងមិនសូវមានពេលកំដរអូន តែអូនក៏ត្រូវយល់ថាបងមិនមែនទៅក្បត់ចិត្តអូនឯណា បងមានទំនួលខុសត្រូវជាកូនប្រុស។ ទាំងអស់ដែលបងធ្វើ លុយដែលបងរកបាន គ្រប់យ៉ាងនឹងធ្វើឲ្យយើងរស់បានយ៉ាងសុខស្រួលមិនខ្វះខ្វាត​ អូនទាន់ដែរទេ? ពេលណាដែលបងឆ្លៀតបាន បងនឹងឆ្លៀត​ អូនស្មានថាបងមិននឹកអូន មិនចង់នៅក្បែរអូនឬយ៉ាងម៉េច? តែក្នុងដៃបងមានការទទួលខុសត្រូវ គម្រោងរាប់សែនដុល្លា ជីវិតមនុស្សរាប់សែនអ្នកដែលធ្វើការឲ្យធានមិនគ្រុប និងឃីងតិចណូឡូជីសុទ្ធតែជាអ្វីដែលបងត្រូវគិត ស៊ូអ៊ឺអូនត្រូវដឹងចំនុចនេះ»

            ហេតុផលគេ នាងយល់ច្បាស់ទាំងអស់ តែចិត្តនេះវាអត្មានិយម វាលោភលន់ បើអាចរើសបាន នាងមិនប៉ងសុំបុរសអស្ចារ្យមហិមាពេកដូចគេនោះគេ អ្វីដែលនាងត្រូវការខ្លាំងបំផុតគឺក្ដីស្រលាញ់ និងការមើលថែ។

            «អូនដឹង តែអូនធ្វើមិនបានពិតមែន អញ្ចឹងហើយទើបអូនថាយើងគួរតែបញ្ចប់ទៅល្អជាង។ បងច្បាស់ជាបានជួបអ្នកដែលសាកសមនឹងបងជាងអូន យល់ពីបងជាងអូន»

            «ស៊ូអ៊ឺ!! ម៉េចក៏អូននិយាយមិនយល់គ្នាបែបនេះ?»

            ស៊ូអ៊ឺត្រូវវិនឆឹងទាញឲ្យងើបអង្គុយនិងសម្លឹងមុខគេចំៗ។ «បានហើយ បងទៅគេងខាងក្រៅល្អជាង អូន....»

            គេប្រុងនឹងងើបស្លៀកពាក់ចេញទៅខាងក្រៅ ប៉ុន្តែដៃដ៏ត្រជាក់ស្រេបរបស់នាងឃាត់គេ ដោយការស្រវាចាប់កំភួនដៃរឹងមាំរបស់គេ។

            ស៊ូស៊ូ មិននិយាយអ្វីទាំងអស់ ព្រោះនាងមិនដឹងថាគួរនិយាយអ្វីតទៅទៀត។ សួរថានាង ស្រលាញ់គេទេ? គឺស្រលាញ់ ស្រលាញ់ខ្លាំងបំផុត។ សួរថាអញ្ចឹង ម៉េចក៏មិនបន្តនៅជាមួយគ្នា? គឺនាងហត់នឹងជីវិតនេះហើយ ត្រូវទ្រាំនឹកគេរាល់ថ្ងៃ បារម្ភគ្រប់ពេលដែលមិននៅជាមួយគ្នា ខ្លាចថាគេជួបនឹងនារីដែលល្អជាងខ្លួនហើយលង់ស្រលាញ់នាង។ នាងដឹងថាមិនគួរគិតបែបនេះ តែចិត្តក៏វាអត់មិនបាន នៅជុំវិញគេសុទ្ធតែជាមនុស្សស្រីស្អាត ឆ្លាត ឥតខ្ចោះ។ មើលមកនាងវិញ គ្មានអ្វីម្យ៉ាងធៀបស្មើនឹងគេ។ អារម្មណ៍ត្រូវគេស្រលាញ់ ត្រូវគេយកចិត្តទុកដាក់ក៏មិនសូវមាន រាល់ដងគេលួងនាងដោយសម្ភារៈក្រៅខ្លួនអស់នោះ។ នៅជាមួយគេ ធ្វើដូចនាងយកលុយនិងរបស់អស់នោះជាធំ។ ជីវិតស្តុកស្ដម្ភបែបនេះ សួរថានាងនឹងស្ដាយទេ? ចម្លើយគឺ មានអ្នកខ្លះសុខចិត្តសើចលើម៉ូតូកញ្ចាស់ ឯអ្នកខ្លះក៏សុខចិត្តយំក្នុងឡានទំនើបល្អជាង។ នាងនៅពេលនេះគឺជ្រើសយកប្រភេទដំបូង មិនថាអនាគតនាងជួបអ្នកណាមិនបានល្អស្មើគេ មិនមានទ្រព្យដូចគេ ឲ្យតែម្នាក់នោះស្រលាញ់នាងខ្លាំងបំផុត ទុកនាងជាមនុស្សសំខាន់បំផុតទៅបានហើយ។

            នាងឮគេដកដង្ហើមធំ តែក៏មិនហ៊ានងើយមើលគេ។ «ស៊ូស៊ូ អូនចង់បែបនេះមែន?​ ចង់បញ្ចប់ពិតមែន ត្រូវទេ?» នាងងក់ក្បាល។

            «បងប្រាប់អូនឲ្យច្បាស់ ប្រសិនបើបញ្ចប់ហើយ យើងនឹងមិនជួបគ្នាទៀតទេ ទោះជាជួបក៏ជាអ្នកដទៃ បងនឹងមិនល្អដាក់អូនបែបនេះទៀតទេ អូនដឹងទេ?» នាងងក់ក្បាលទៀត។

            វិនឆឹងខឹងដល់ចំនុចមួយដែលគេ​សឹងតែអាចកាច់បំបាក់ ក​ នាងបាន ព្រោះតែរឿងតិចតួចមិនសមជារឿងបែបនេះ នាងក៏ចង់បែកគ្នាបានដែរ។ «អូនស្ដាប់ឲ្យច្បាស់ គ្រប់យ៉ាងដែលអូនមានរាល់ថ្ងៃ វានឹងគ្មានទៀតទេ បើយើងចប់គ្នា។» នាងងក់ក្បាលម្ដងទៀត។

            «ល្អ! ល្អ ល្អខ្លាំងណាស់ចាង ស៊ូអ៊ឺ! បើអញ្ចឹងអូនក៏កុំស្ដាយក្រោយឲ្យសោះ»

            ថាចប់គេក៏គ្រវៀសដៃនាងចេញ ហើយដើរចេញពីបន្ទប់ដោយកំហឹងទៅ។ ស៊ូអ៊ឺ ខាំមាត់ឲ្យទឹកភ្នែកនាងស្រក់ជោគថ្ពាល់សងខាង នាងខំទប់មិនឲ្យមានសម្លេងអណ្តឺតអណ្តកចេញមកខាងក្រៅទាល់តែក្រហមមុខ។

            នាងរឹងមាំ ត្រូវតែរឹងមាំ ឈឺប៉ុណ្ណាក៏នាងត្រូវធ្វើ ព្រោះបន្តិចវាអាចនឹងលែងឈឺតទៅទៀត។ នាងមិនដឹងថានាងធ្វើខុសឬត្រូវ តែយ៉ាងណានាងក៏សម្រេចចិត្តទៅហើយ មានតែបន្តទៅមុខ ស្តាយក្រោយឬអត់ ចាំដល់ពេលនោះទើបដឹង។

            មួយសប្តាហ៍ក្រោយ មុខបន្ទប់ធ្វើការអគ្គនាយក ធានមិនគ្រុប រីកឃើសម្លឹងមើលឃីកាតបន្ទប់ក្នុងដៃ «ហ៊ើយ មានរឿងឈឺក្បាលឲ្យទាល់តែបានយើង»

            ១អាទិត្យមុនគេមិនដឹងថាចៅហ្វាយនិងអ្នកនាងចាង មានរឿងអីហ្នឹងគ្នាទេ ឃើញត្រូវរ៉ូវគ្នាសុខៗសោះ។ ចៅហ្វាយគេខំប្រញាប់បង្ហើយការងារ ស្រូតទៅរកអ្នកនាងស៊ូអ៊ឺឆ្លងថ្ងៃខួបកំណើតអ្នកប្រុសឡីជាមួយគ្នា នៅកុម្ម៉ង់ជាងច្នៃម៉ូតសម្លៀកបំពាក់និងអលង្ការដែលកំពុងល្បី ធ្វើអលង្ការនិងសម្លៀកបំពាក់ប៉ុន្មានឈុតឲ្យនាងទៀតផង។ ក្រោយមកមិនប៉ុន្មាននៅបញ្ជាគេរកខុនដូតម្លៃរាប់សែន ធានាសុវត្ថិភាព និងជិតកន្លែងធ្វើការរបស់អ្នកនាងស៊ូអ៊ឺថែមទៀត ថាទៅមើលម៉េចក៏នៅសុខៗ ចៅហ្វាយកក់សំបុត្រយន្តហោះបន្ទាន់ទាំងកណ្ដាលយប់មកសិនចិនវិញម្នាក់ឯងទាំងដែលគ្មានការងារបន្ទាន់ផង។ ឯគេវិញត្រូវបញ្ជាឲ្យនៅឃ្លាំមើលសកម្មភាពអ្នកនាងស៊ូស៊ូជាសម្ងាត់និងត្រូវរាយការណ៍ឲ្យចៅហ្វាយរាល់ថ្ងៃ។ និយាយឲ្យខ្លីស្រួលស្ដាប់ អ្នកនាងចាងរស់នៅបានល្អប្រសើរណាស់ ព្រឹកទៅធ្វើការ ល្ងាចមកផ្ទះ បីថ្ងៃមុននៅទៅជប់លៀងជាមួយមិត្តរួមការងារទៀតឯណោះ។ តែដែលចម្លែកគឺ ម្សិលមិញអ្នកនាងស៊ូមិនដឹងបានលេខគេពីណាទេ តេណាត់គេទៅជួបរួចក៏ឲ្យរបស់ដែលកំពុងនៅក្នុងដៃគេនេះមក។ ក្រោយលោកអ៊ូដឹងរឿងនេះ ក៏ហៅគេឲ្យមកសិនចិនវិញភា្លម។

            រីកឃើគោះទ្វារបន្ទប់នៅចំពោះមុខ មុននឹងរុញចូលទៅ។ អ៊ូ វិនឆឹង កំពុងអង្គុយពិនិត្យការងារខាងក្រោយតុធំដែលប្រៀបបាននឹងបល័ង្កស្ដេច ឯកសារជាច្រើនត្រូវបានដាក់គរតម្រៀបគ្នា ពែងកាហ្វេដែលទទេមិនដឹងថាអស់ពីពេលណា។ រីកឃើដាក់ឃីកាតនៅក្បែរឯកសារជិតវិនឆឹង និងលើកពែងកាហ្វេចេញប្រុងនឹងយកទៅឆុងថ្មី តែនឹកឃើញថាមានរឿងត្រូវប្រាប់អ៊ូ វិនឆឹងជាមុន។

            «ចៅហ្វាយ នេះឃីកាតបន្ទប់ដែលអ្នកនាងចាងសុំឲ្យប្រគល់ជូនចៅហ្វាយវិញ។»

            ខ្សែភ្នែកត្រជាក់ស្រេង សម្លក់ឃីកាតដែលរីកឃើដាក់លើតុរបស់គេ។ ដៃដែលកាន់ប៊ិច ចាប់ផ្ដើមក្ដាប់ណែន។

            «អ្នកនាងចាង ផ្ដាំមកប្រាប់ចៅហ្វាយផងដែរថា សុំទោសដែលមិនអាចប្រគល់ជូនចៅហ្វាយដោយផ្ទាល់ នាងបានរៀបចំគ្រប់យ៉ាងដែលសំខាន់ៗទុកជូនចៅហ្វាយវិញនៅក្នុងបន្ទប់នេះទាំងអស់ បើមានបាត់ឬបញ្ហាអីអាចរកនាងបាន ហើយ...» រីកឃើ ចាប់ផ្ដើមស្ងួតបំពង់ក រហូតត្រូវឈប់និយាយ លេបទឹកមាត់ផ្សើមសិន ចិញ្ចើមចៅហ្វាយខិតចូលគ្នាជារឿយៗ គេកាន់តែនិយាយ មុខចៅហ្វាយកាន់តែមាំ និងខ្មៅប៉ែស្ទើរតែក្លាយជាប៉ាវជីវធានទៅហើយ។ អើយ រីកឃើអើយ ឯងអាចត្រូវកន្ទុយគ្រាប់ឬអត់ទេនៀក

            «ហើយអ្នកនាងស៊ូអ៊ឺក៏និយាយដែរថា អរគុណចៅហ្វាយ ជូនពរចៅហ្វាយសម្រេចបំណងនិងជួបតែរឿងល្អ​» ផាំង! វិនឆឹងទះតុលាន់ផាំងលេងឲ្យរីកឃើលោតថយក្រោយជាច្រើនជំហាន។
            «អ៊ឺ...ចៅហ្វាយ?»

            «ឯងទៅផ្នែកហិរញ្ញវត្ថុយករបាយការណ៍ខែនេះឲ្យយើងពិនិត្យ និងហៅក្រុមនាយកប្រជុំបន្ទាន់ទាក់ទងជាមួយគម្រោងសហការជាមួយក្រុមហ៊ុនកូរ៉េប៊ូសាន»

            «បាទ!» រីកឃើចេញទៅបាត់ វិនឆឹងក៏កម្ចាយកំហឹងទាំងអស់ទៅលើឯកសារលើតុ ឲ្យធ្លាក់រាយប៉ាយទៅលើឥដ្ឋ។ សម្លេងគម្រាមលើចេញតាមជើងធ្មេញ គេស្បថថានាងត្រូវតែទទួលបានមេរៀនយ៉ាងសាកសម
            «ចាង ស៊ូអ៊ឺ! អូនគ្រាន់បើ។ ល្អណាស់! បងនឹងចាំមើលថាអូនខ្លាំងបានប៉ុន្មាន។ អូនច្បាស់ជាស្ដាយក្រោយ ដល់ពេលនោះកុំមកអង្វរបងឲ្យសោះ»

Comments