អន្ទាក់ស្នេហ៍ ភាគ១

អន្ទាក់ស្នេហ៍ ភាគទី១



           ពេលល្ងាចថ្ងៃសុក្រ បន្ទាប់ពីចេញពីធ្វើការ ស៊ូស៊ូ ត្រលប់មកផ្ទះវិញនៅម៉ោង៦ល្ងាចដូចសព្វដង បើទោះបីជាមិត្តរួមការងារបបួលទៅជុំគ្នាលេងសប្បាយនៅខាងក្រៅក៏ដោយ នាងនៅតែបដិសេធ។ ការរាំច្រៀងសប្បាយរីករាយបែបនេះ ពិតជាមិនត្រូវនឹងចរិតមឹះៗរបស់នាងមែន។ ដៃនាងម្ខាងកំពុងតែកាន់ឯកសារការងារ និងថង់របស់របរដែលទិញមកពីផ្សារទំនើប ឯដៃម្ខាងទៀតរាវរកសោរបន្ទប់នៅក្នងកាបូបស្ពាយយកទៅចាក់បើកទ្វារចូលក្នុងបន្ទប់។ ពេលនោះទើបនាងដឹងថាភ្លើងក្នុងបន្ទប់បើកភ្លឺចិញ្ចាច។ ​​              
           នេះនាងភ្លេចបិទភ្លើងបានយ៉ាងម៉េច? ឬថាមានចោរលួចចូលផ្ទះ?
          ខណៈដែលនាងកំពុងគិតមិនដឹងថាគួរធ្វើយ៉ាងម៉េច មនុស្សប្រុសរាងខ្ពស់ស្រឡះដែលនាងស្គាល់ច្បាស់ក៏លេចឡើងចេញពីក្នុងបន្ទប់ទឹក។
            «វិនឆឹង? បងមកបានយ៉ាងម៉េច?» នាងសួរតិចៗដោយភាពស្រឡាំងកាំង។
            វិនឆឹង គឺជាអគ្គនាយកក្រុមហ៊ុនតិចណូឡូជីដ៏ធំមួយនៅចិន នាងនិងគេថ្វីត្បិតតែមានទំនាក់ទំនងជ្រាលជ្រៅជាមួយគ្នា ពួកគេកម្រនឹងមានពេលវេលាជួបគ្នាណាស់។ គេភាគច្រើនបើមិននៅក្រុមហ៊ុនធំនៅសិនចិន ក៏ទៅក្រៅប្រទេស យូរៗម្ដងទើបបានមករកនាង។​ ម្យ៉ាងសម្ព័ន្ធភាពរវាងនាងនិងវិនឆឹងគឺជាអាថ៌កំបាំង ហេតុនេះអ្នកទាំងពីរម៉េចនឹងអាចទៅមករកគ្នាស្រួលៗបានទៅ។ ចូលដល់ខែកក្កដាហើយ នេះទើបជាលើកទីមួយក្នុងឆ្នាំនេះប៉ុណ្ណោះដែលពួកនាងបានជួបគ្នា ថាទៅមើលនាងសប្បាយចិត្តថ្នាក់ណា?
            «មកវិញលឿនម្ល៉េះ ម៉ោងមិនទាន់ប្រាំបីផង ថ្ងៃចុងសប្ដាហ៍អូនគ្មានទៅណាទេឬយ៉ាងម៉េច?» វិនឆឹងជូតសក់ដែលទទឹកបណ្ដើរ ដើរទៅរកទូរទឹកកកបណ្ដើរ។ នៅពេលដែលគេដើរកាត់ផុតមុខនាង សម្លេងរបស់ធ្លាក់ទៅលើឥដ្ឋ បន្ទាប់មកខ្លួនគេទាំងមូលក៏ត្រូវឱបពីក្រោយជាប់។ វិនឆឹងឈរស្ងៀមឲ្យស៊ូស៊ូឱបបែបនោះមិនយូរប៉ុន្មាន គេក៏មានអារម្មណ៍ថាស្មារបស់នាងញ័រតិចៗដូចជាកំពុងយំទើបគេបែរខ្លួនទៅរក។
            «កើតអី?» គេសួរតែបានត្រឹមតែការគ្រវីក្បាលតិចៗជាការឆ្លើយតប។ ចុងម្រាមដៃគេជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់ឲ្យនាង ប៉ុន្តែកាន់តែជូតនាងកាន់តែយំរហូតគេមិនដឹងថាត្រូវធ្វើយ៉ាងម៉េច មានតែទាញនាងមកឱបជាប់នៅក្នុងទ្រូង។
            ជាច្រើននាទីទម្រាំស៊ូស៊ូបាត់យំ និងចូលទៅលុបលាងមុខនៅក្នុងបន្ទប់ទឹក។ ពេលដែលចេញមកវិញ នាងឃើញវិនឆឹងកំពុងរើអីវ៉ាន់ដែលនាងទិញមករៀបចំទុកដាក់។ ស៊ូស៊ូដើរទៅរកគេ មុននឹងធ្វើជាសួរនាំ
            «កំពុងធ្វើអី?» គេងាកមកញញឹមដាក់នាង 
            «កំពុងទុកដាក់របស់ដែលអូនបានទិញមក ទិញច្រើនបែបនេះ អូនគិតទុកញ៉ាំពេញមួយអាទិត្យតែម្ដង?»
            «អឺម ព្រោះតែខ្លាចគ្មានពេលបានទៅផ្សារទិញហ្នឹងណា»
            វិនឆឹង យកទឹកដោះគោនិងទឹកក្រូចកំប៉ុងរៀបក្នុងទូរទឹកកក។ ស៊ូស៊ូឈរមើលគេ និងលួចគិតក្នុងចិត្តថាបើសិនជានាងនិងគេមានពេលវេលានៅជាមួយគ្នាបែបនេះបានយូរ មិនដឹងជាល្អយ៉ាងណាទេ។
            ទីង តង‍​‍​​​​‍~
            «អូនទៅបើកទ្វារសិន» ស៊ូស៊ូនិយាយ ហើយក៏ដើរទៅរកទ្វារ 
            «អ្នកណា?» នាងស្រែកសួរ​ពីក្នុងបន្ទប់
            ទៅដល់ទ្វារ នាងបើកតិចៗ និងឃើញប្រុសមាឌធំមាំជាច្រើននាក់ឈរយួរថង់អីវ៉ាន់​នៅមុខទ្វារបន្ទប់នាង។ ពួកគេម្នាក់ៗស្លៀកពាក់ឯកសណ្ឋានពេញយស និងមានកាសជាប់ត្រចៀកដូចពួកអង្គរក្សក្នុងទូរទស្សន៍។ ស៊ូស៊ូ សង្កេតមើលពួកគេដោយការប្រយ័ត្នប្រយែង ម្នាក់ក្នុងចំណោមនោះក៏អោនគំនាប់នាង និងនិយាយថា 
           «អ្នកនាងចាង សួស្ដី ខ្ញុំឈ្មោះរីកឃើរ ជាជំនួយការលោកអ៊ូ។ ទាំងអស់នេះជារបស់អ្នកនាង លោកអ៊ូ គាត់បញ្ជាទិញជាពិសេសសម្រាប់អ្នកនាង»
            «លោកអ៊ូ? អ៊ូ វិនឆឹង?»
            «បាទ»
            «ចាំបន្ដិច» នាងប្រាប់ មុននឹងបិទទ្វាររួចរត់ទៅរកវិនឆឹងនៅក្នុងផ្ទះបាយ 
            «លោកអ៊ូ មានមនុស្សថាជាជំនួយការរបស់បង»
            វិនឆឹងឆ្លើយអឺមនៅក្នុងបំពង់ក ទុករបស់ចុងក្រោយក្នុងទូរខាងលើរួច ទើបដើរទៅបើកទ្វារម្ដងទៀត។ ស៊ូស៊ូដើរតាមពីក្រោយគេ មើលគេនិយាយជាមួយរីកឈើ និងមើលមនុស្សមួយហ្វូងនោះយករបស់ដែលកាន់មកទុកលើសាឡុងនិងតុកណ្ដាលបន្ទប់នាង។
            «ហើយនេះឃីកាតបន្ទប់ចៅហ្វាយ។ ខ្ញុំបានផ្ញើទីតាំងទៅទូរស័ព្ទចៅហ្វាយរួចរាល់ហើយ។» វិនឆឹង លូកដៃយកឃីកាតពីរីកឃើរ
          «ល្អ អស់អីហើយ ឯងទៅវិញចុះ» ពួកគេឱនគោរពម្ដងទៀត ហើយក៏ចេញទៅ
         «នេះជាស្អី?» ស៊ូស៊ូសួរ។ នាងបើកមើលថង់និងប្រអប់ជាច្រើនដែលសុទ្ធតែជាសម្លៀកបំពាក់និងគ្រឿងអលង្ការ។
            «របស់អូន» វិនឆឹង ទាញដៃនាងនាំទៅអង្គុយនៅលើសាឡុង រួចយកប្រអប់ខ្សែកពេជ្របើកដាក់ពីមុខនាង «ចូលចិត្តទេ?»
            «ហេតុអីសុខៗស្រាប់តែទិញឲ្យអូន?»
            «អូនមិនចង់បានឬ?»
            ស៊ូស៊ូសម្លឹងមើលចូលទៅក្នុងកែវភ្នែកគេ។ ក្រសែភ្នែកមុតស្រួចដែលនាងលង់ស្នេហ៍តាំងតែពីជួបប្រសព្វលើកដំបូង ពេលនេះវាបែរជាធ្វើឲ្យនាងចង់យំ។ ចម្លើយគ្រប់យ៉ាងដែលនាងចង់ដឹង វាលាក់បង្កប់នៅក្នុងនេះទៅហើយ នាងសង្ឃឹមណាស់ថាអ្វីដែលនាងទទួលដឺង វាគ្រាន់តែជាអ្វីដែលនាងគិត។ នាងមិនគួរណាយល់ពីគេដល់ថ្នាក់សូម្បីតែក្នុងជម្រៅចិត្តគេគិតអី ក៏នាងអាចទាយដឹងនោះទេ ឬថាតាមពិតទៅវិនឆឹងមិនគិតនឹងលាក់បាំងវាតាំងពីដំបូង
            «វិន អូនសួរបង ដែលបងទិញរបស់អស់នេះឲ្យអូន ព្រោះតែអូនយំមុននេះត្រូវទេ?»
            «បងដឹងថាបងមិនសូវមានពេលឲ្យអូន គ្មានពេលទិញកាដូជូនអូន សមគួរហើយដែលអូនតូចចិត្ត។ ថ្វីត្បិតតែរាល់ថ្ងៃពិសេសផ្សេងៗ បងឲ្យលេខាផ្ញើកាដូជូនអូន យ៉ាងណាក៏វាប្រៀបមិនបាននឹងជូនដោយផ្ទាល់ដែរ។ មិនអីទេ បងយល់។ អញ្ចឹងហើយ ទាំងនេះចាត់ទុកថាជាការប៉ះប៉ូវទៅចុះ។»
            មិនមែនទេ វាមិនមែនបែបហ្នឹងទេ។ ដែលនាងយំ ព្រោះសប្បាយចិត្តដែលជួបគេទៅវិញទេ ប្រាប់គេទៅស៊ូស៊ូ និយាយឲ្យច្បាស់លាស់ទៅថានាងមិនចង់បានរបស់ទាំងនេះ
            «អូនទៅធ្វើអាហារពេលល្ងាចសិន នេះម៉ោងជិតប្រាំពីរហើយ» ហើយនាងក៏ជ្រើសរើសមិននិយាយ
            «មិនចាំបាច់ទេ យើងទៅញ៉ាំខាងក្រៅ បងមានកន្លែងមួយចង់នាំអូនទៅ»
            «អញ្ចឹងអូនទៅប្ដូរសម្លៀកបំពាក់សិន»
            «មិនគិតយកទៅទុកទេអ្ហេស?» គេធ្វើសញ្ញាឲ្យនាងងាកទៅមើលថង់សម្លៀកបំពាក់និងគ្រឿងអលង្ការ
            «អ៎ ដឹងហើយ»
            ចូលដល់ក្នុងបន្ទប់គេង ថង់អស់នោះក៏ត្រូវទុកនៅក្នុងផ្នែកដ៏ជ្រៅបំផុតក្នុងទូរសម្លៀកបំពាក់ជាមួយនឹងរបស់ផ្សេងទៀតដែលនាងធ្លាប់ទទួលបានពីវិនឆឹង។ នាងនិងគេគឺបែបនេះ គេគិតថាគេយល់ពីនាងគ្រប់យ៉ាង តែការពិតទៅគេយល់ពីនាងបានប៉ុន្មានភាគ? របស់ដែលនាងស្រលាញ់ អ្វីដែលនាងចូលចិត្ត និងអ្វីដែលនាងចង់បានពិតប្រាកដ តើគេធ្លាប់ដឹងដែរទេ?

Comments