អន្ទាក់ស្នេហ៍ ភាគ២

Pic source: Google
(Credit to the rightful owner)

បន្ទាប់ពីប្ដូរសម្លៀកបំពាក់រួច ស៊ូស៊ូចេញមកខាងក្រៅ នាងមិនបានស្លៀកឈុតដែលវិនឆឹងទិញឲ្យ តែរើសយកឈុតខ្លីរឹបរាងម៉ាកល្បីដែលនាងទិញខ្លួនឯងកាលពីទើបចេញធ្វើការនៅ ជីនអ៊ីនធើប្រាយស៍ ដំបូងៗ។ វិនឆឹងក៏ប្តូរសម្លៀកបំពាក់ទៅជាឈុតអាវសឺមីពណ៌ទឹកដោះគោមូរដៃ ខោសាច់ក្រណាត់និងស្បែកជើងប៊ូតពណ៌ខ្មៅសម្រាប់ចេញទៅក្រៅរួចហើយដូចគ្នា។ អ្នកទាំងពីរបណ្តើរគ្នាឡើងឡានទំនើបដែលរីកឃើបើកមកចាំនៅចំណតអាផាតមិន។
            «បងគិតនាំអូនទៅញ៉ាំអី នៅឯណា?» វិនឆឹង កំពុងពិនិត្យការងារតាមថេបប្លេតក្នុងដៃ ស៊ូស៊ូអត់មិនបាននឹងលូកដៃទៅឈ្លីប្រជុំចិញ្ចើមដែលជ្រួញតិចៗរបស់គេ ហើយវិនឆឹងក្ដោបដៃនាងយកមកថើបតិចៗ                  «ញ៉ាំអាហារអ៊ីតាលី»
            ស៊ូស៊ូបង្ខំចិត្តញញឹមនៅចុងមាត់ «អញ្ចឹងញ៉ាំភីហ្សាទៅ ភីហ្សាក៏ជាអាហារអ៊ីតាលី»
            វិនឆឹង យកដៃម្ខាងឈ្លីក្បាលនាងដោយអស់សំណើច «អូននេះ ចំមែនហើយ»
            ស៊ូស៊ូ អែនខ្លួនយកក្បាលកើយលើស្មារបស់គេ។ នៅជិតគ្នាថ្នាក់នេះ តែម៉េចក៏នាងមានអារម្មណ៍ថាអ្នកទាំងពីរនៅឆ្ងាយពីគ្នាសែនឆ្ងាយ ទង្វើទន់ភ្លន់របស់គេបែរជាមិនបានផ្ដល់ភាពកក់ក្ដៅដល់បេះដូងនាងសូម្បីបន្ដិច តែវាប្រៀបដូចជាម្ជុលតូចៗដែលចាក់ទម្លុះបេះដូងនាងបន្ដិចម្ដងៗ។ នាងងើយក្បាលសម្លឹងមើលទឹកមុខនឹងធឹងរបស់គេ តាំងតែពីចូលដល់ក្នុងឡានវិនឆឹងគិតតែមើលការងារក្នុងដៃ មិនបានក្រឡេកមកមើលនាងសូម្បីម្ដង ហ៊ើយ ពិតជាគួរឲ្យតូចចិត្តណាស់។
            ១៥នាទីក្រោយ នាងក៏បានមកអង្គុយក្នុងភោជនីយដ្ឋានអ៊ីតាលីល្បីឈ្មោះមួយកន្លែង បរិយាកាសក្នុងហាងពិតជាសមនឹងអ្នកជាន់ខ្ពស់ហៃសូដូចជា អ៊ូ វិនឆឹងមែនហើយ សូម្បីអ្នកបម្រើភ្ញៀវដែលមកទទួលកត់ការកុម្ម៉ង់នៅតុរបស់នាងក៏ជាប្រុសសង្ហាពាក់ឈុតធំដែរ។
            «សួស្តី ត្រូវការកុម្ម៉ង់អ្វីដែរ?»
            «មានអីណែនាំជាពិសេសទេ?»
            វិនឆឹង និយាយជាមួយអ្នកបម្រើម្នាក់នោះជារឿយៗ ហេតុអីក៏នាងមានអារម្មណ៍ថាគេទាំងពីរដូចជាស្គាល់គ្នាចម្លែក វិធីដែលវិនឆឹងនិយាយជាមួយគេ មិនដូចជានិយាយជាមួយអ្នកបម្រើនោះទេ
            «វិន បងស្គាល់គ្នាអ្ហស?» វិនឆឹង ងាកមើលមុខនាងដោយស្នាមញញឹមនៅចុងមាត់
            «អូន មិនចាំគេពិតមែន?»
            ឮបែបនេះខ្ញុំក៏បែរទៅមើលប្រុសសង្ហាម្ដងទៀត។ គេជាអ្នកណា នាងមិនប្រហែលទាល់តែសោះ ជាតារាទេដឹង?
            «អីយ៉ា បងស៊ូអ៊ឺ នេះបងភ្លេចខ្ញុំពិតមែន? ខ្ញុំខូចចិត្តណាស់ដឹងទេ» ប្រុសក្មេងម្នាក់នោះធ្វើមុខកំសត់ដាក់នាង ឲ្យនាងធ្វើយ៉ាងម៉េចបានបើពិតជាមិនស្គាល់មែន
            «ឯងគឺ?»
            «ខ្ញុំគឺអាឡី ក្មួយពូវិននោះអី»
            «ថាម៉េច? ឯងគឺអាឡី? អីយ៉ានេះធំប៉ិននេះទៅហើយ ថែមទាំងសង្ហារទៀតផង បងចំណាំឯងមិនបានពិតមែន»
            ប្រាំឆ្នាំមុន ពេលនាងនៅធ្វើការជាមួយវិនឆឹង អាឡីនៅជាក្មេងដប់ឆ្នាំនៅឡើយ គេចូលចិត្តលួចមកលេងនៅក្រុមហ៊ុន ហើយក៏ចូលចិត្តតាមនាងស្អិតផងដែរ រហូតពេលខ្លះទាមទារទៅគេងផ្ទះនាង មិនព្រមត្រលប់ទៅផ្ទះគ្រួសារអ៊ូផងក៏មាន។ អាឡី ជាចៅប្រុសច្បង ទើបអ្នកណាៗក៏តែងតែសម្របនឹងគេ សូម្បីវិនឆឹងដែលជាពូក៏ដោយ ទើបធ្វើឲ្យអាឡីក្លាយជាក្មេងក្បាលខូចនិងទំនើងមិនចុះញ៉មនឹងអ្នកដទៃ។ កាលមុននៅសាលាគេមិនធ្លាប់មានមិត្តលែងជាមួយដូចក្មេងដទៃឡើយ ទើបចេះតែរត់មកលេងនៅក្រុមហ៊ុនជាមួយនាង មើលទៅគេប្រហែលជាទុកនាងជាមិត្តស្របាលគ្នាទេដឹង
            «បងស៊ូអ៊ឺក៏កាន់តែស្អាតដូចគ្នា។ ចាំបន្ដិច ខ្ញុំទៅកុម្ម៉ងអាហារឲ្យបងរួចមកវិញ» ថាហើយគេក៏ទៅបាត់។
            «ម៉េចក៏មិនប្រាប់អូន?»
            «គឺអាឡីមិនចង់ឲ្យប្រាប់អូនមុន។ surprise នោះអី»
            «surprise ខ្លាំងណាស់ អូនមើលគេមិនស្គាល់ពិតមែន ខ្ពស់ជាងមុនច្រើនណាស់»
            «ខួបកំណើតគេឆ្នាំមុន បងឲ្យហាងនេះទៅគេជាអំណោយ ឆ្នាំនេះគេប្រាប់ថានឹកអូន ចង់ឲ្យអូនមកឃើញពីសមិទ្ធិផលរបស់គេដែលគ្រប់គ្រងឲ្យហាងនេះដំណើរការមកបាន ទើប»
            «ហើយបងក៏ធ្វើជាលោកពូចិត្តល្អសម្រេចបំណងឲ្យគេដោយការនាំអូនមកទីនេះ» ស៊ូស៊ូនិយាយកាត់។
            វិនឆឹងលូកដៃមកច្របាច់ចុងច្រមុះនាងតិចៗ «ឆ្លាតណាស់»
            «មកវិញហើយៗ» អាឡី ត្រលប់មកវិញនឹងទាញកៅអីនៅជិតនាងអង្គុយចុះ គេញញឹមបញ្ចេញថ្ពាល់ខួចដាក់ស៊ូស៊ូ
            «អាឡី នេះបងទើបតែដឹងថានេះជាថ្ងៃកំណើតឯង បងមិនបានត្រៀមអំណោយមកនោះទេ»
            «មិនអីទេៗ បងស៊ូស៊ូខ្លួនឯងនេះហើយជាអំណោយ បានជួបបងម្ដងទៀតខ្ញុំសប្បាយចិត្តណាស់ដឹងទេ»
            អាឡីស្រវាឱបដៃខ្ញុំត្រដុសមុខគេដូចកាលនៅពីក្មេងមិនខុស។ យើងនិយាយគ្នាពីនេះពីនោះ ពិសេសពីភាពអស្ចារ្យដែលគេអាចបើកមុខជំនួញបាននៅអាយុទើប១៥ឆ្នាំ។ អាឡីនិយាយផង សើចផងដោយមោទនភាព ធ្វើឲ្យនាងនឹកឃើញគេកាលពីនៅតូច រត់មកអួតប្រាប់នាងពីរឿងគេវ៉ៃពួកអន្ធពាលនៅសាលាដែលបងគេដល់ទៅ៥ឆ្នាំឲ្យដេករាបដូចកន្ទេល។ ទោះបីថ្ងៃនោះគេត្រូវវិនឆឹងស្ដីឲ្យ តែខ្សែភ្នែកគេពេលនេះគឺដូចពេលនេះមិនខុស ។
            «អត់ទោស សូមដាក់អាហារ» អ្នកបម្រើរុញរទេះមកតិចឈប់នៅតុរបស់យើង។
            នៅពេលអ្នកបម្រើដាក់ចានផាស្ដានៅចំពោះមុខខ្ញុំ អាឡីក៏ងាកទៅសម្លឹងមុខវិនឆឹង «ផាស្ដានេះមិនមែនរបស់ពូទេអ្ហស?»
            «អត់ទេ ឯងក៏ដឹងពូមិនចូលចិត្ត»
            «ចុះម៉េចក៏ពូកុម្ម៉ង់?»
            «ឲ្យស៊ូអ៊ឺ»
            អាឡីងាកមើលខ្ញុំវិញម្ដង «តែបងស៊ូអ៊ឺ ខ្ញុំចាំបានថាបងមិនចូលចិត្តផាស្ដាទេ បងថាវាទ្រលាន់»
            «ផាស្ដានៅហាងឯងទាំងមូលម៉េចនឹងដូចនៅហាងធម្មតាទៅ» ស៊ូស៊ូ មូរផាស្ដាមួយម៉ាត់ដាក់ចូលមាត់ «មិនទ្រលាន់ទេ ឆ្ងាញ់ខ្លាំងណាស់»
            «កុំចាំបាច់មកបញ្ជោអី បើញ៉ាំមិនបានចាំខ្ញុំកុម្ម៉ង់ថ្មីឲ្យបងក៏បាន» សៀវឡីនិយាយ។
            «មិនអីទេ បងចង់ញ៉ាំ» ស៊ូស៊ូមិនដឹងថាខ្លួនឯងកើតអី វាដូចជាមានថ្មមួយដុំសង្កត់ក្នុងចិត្តនាង។ តាំងពីចាប់ផ្ដើមទាក់ទងគ្នា នាងព្យាយាមសម្របខ្លួនឯងនឹងវិនឆឹងរហូតទម្លាប់ទៅហើយ អ្វីក៏ដោយដែលគេឲ្យ ទោះនាងមិនចូលចិត្តយ៉ាងណាក៏នាងមិនដែលបដិសេធនឹងគេ។ ពេលខ្លះអ្វីទាំងនេះ នាងគិតថាវាក្លាយជារឿងធម្មតាសម្រាប់នាងទៅហើយ ប៉ុន្តែយូរៗទៅនាងអត់មិនបាននឹងខូចចិត្ត ដែលវិនឆឹងសឹងតែមិនធ្លាប់យកចិត្តទុកដាក់នឹងអារម្មណ៍របស់នាង។ រឹតតែពេលនេះអាឡីបង្ហាញខ្លួននិងចេញឫកពាខ្វល់ខ្វាយពីនាង ស៊ូស៊ូហាមខ្លួនឯងមិនបាននឹងគិតថា វានឹងល្អយ៉ាងណាបើវិនឆឹងអាចធ្វើបែបហ្នឹងដូចអាឡី។
​​            ក្រោយពីញ៉ាំអាហារហើយ ស៊ូស៊ូនិងវិនឆឹងក៏ឡើងឡានដែលរីកឃើចតមកចាំ។ ម៉ោងជិត៩យប់ទៅហើយ ទេសភាពសងខាងផ្លូវមានតែអំពូលបំភ្លឺផ្លូវ និងភ្លើងឡានដទៃដែលកំពុងធ្វើចរាចរណ៏ទៅមក។
            «យើងកំពុងទៅណា?» ស៊ូស៊ូងាកទៅសួរ វិនឆឹង នៅពេលនាងសង្កេតឃើញថាពួកគេមិនបានកំពុងទៅផ្ទះ
            «គិតថាអូនមិនសួរហើយតើ» វិនឆឹងមានអារម្មណ៍ដឹងថា ស៊ូស៊ូមិនសប្បាយចិត្តតាំងពីចេញពីភោជនីយដ្ឋាន នាងស្ងៀមស្ងាត់រហូត មិននាំគេនិយាយដូចពេលកន្លងមកទាល់តែសោះ។ គេគិតថានាងអាចនឹងមិនចង់ឆាប់បែកពីអាឡីក៏ថាបាន ទោះបីឥឡូវអាឡីក្លាយជាមនុស្សដឹងក្ដី កាន់ការងារសំខាន់បានហើយក៏ដោយ តែអាយុគេ​នៅជាក្មេងវ័យជំទង់នៅឡើយ មនុស្សក្រៅពីគ្រួសារដែលអាឡីបើកចិត្តទទួលគឺមានតែស៊ូស៊ូប៉ុណ្ណោះ។ គេក៏មើលដឹងថា ស៊ូស៊ូ ទុកអាឡីជាប្អូនប្រុស និងស្រលាញ់គេអស់ពីបេះដូងដូចគ្នា។ ថ្ងៃក្រោយនាងនិងអាឡីជួបគ្នាញឹកញាប់បន្តិចក៏ល្អ គេមិនថាអីស្រាប់ទៅហើយ។
            «ទៅផ្ទះថ្មីរបស់អូន»

            «ថាម៉េច?»

Comments