អាថ៍កំបាំងឧបសគ្គស្នេហ៍

 


ភាគទី ៦

ដេណាបានរៀបបន្ទប់ដោយខ្លួនឯងរួចជាស្រចទោះមានអ្នកបម្រើសុំជួយក៏ដោយ ហើយក៏អង្គុយចុះនៅលើគ្រែ។ នាងអង្អែលខ្នើយដែលនាងនៅលើគ្រែនោះ ហើយក៏គិតថាថ្ងៃណាមួយនាងប្រាកដជាអាចគេងខ្នើយនេះជាមួយមនុស្សដែលនាងស្រលាញ់មិនខាន។ យប់នេះជាយប់កូនក្រមុំនិងកូនកម្លោះហើយ នាងក៏មិនបានរំពឹងអ្វីដែរក្រៅពីសង្ឃឹមថាគេអាចមើលឃើញនាងក្នុងក្រសែភ្នែកផ្សេងពីពេលនេះ។ បើបង្វិលពេលវេលាថយក្រោយ ហើយគ្មានមេឡានោះ តើនាងនិងគេអាចមានថ្ងៃនេះទេ។

មុនថ្ងៃនាងរៀបការ នាងក៏បានសួរនាំមេផ្ទះរោងបាយបន្ថែមអំពីរឿងរ៉ាវដែលបានកើតឡើង ទោះបីជាមិនបានផលទាំងស្រុង តែនាងក៏បានមូលហេតុមួយដែលចូលក្នុងផ្ទះនេះដែរ។

(អ្នកមីង តើមេឡាជាមនុស្សដូចម្តេចទៅ មីងធ្លាប់ជួបគេទេ?) អ្នកមីងជ្រួញចញ្ចើមតែក៏នៅតែរីរាយឆ្លើយសំណួរនាង

(ខ្ញុំមិនសូវបានដឹងទេ ដឹងត្រឹមថាម្តាយនាងជាឃាតករសាហាវ តែខ្ញុំធ្លាប់បានឃើញនាងពីរបីដងដែរ)

(ពិតមែនឬ? នាងធ្លាប់មកទីនេះឬ?)

(នាងជាកូនចុង ដឹងត្រឹមថាពិបាកចុះសម្រុងនឹងអ្នកស្រីណាស់ ខ្ញុំឃើញពេលនាងនៅពីតូចចូលចិត្តអង្គុយនៅទីនោះសរសេរអ្វីលើសៀវភៅមិនដែលខាន)

(សរសេរសៀវភៅ?) ដេណាងាកមើលដើមឈើធំ ហើយក៏ឈឺក្បាលភ្លាមៗ

(អូយ)

(អ្នកនាងមិនអីទេមែនទេ? ប្រហែលជាអ្នកណាចាំបានខ្លះទេដឹង អ្នកនាងក៏ចូលចិត្តទៅអង្គុយលេងជាមួយគ្នាដែរពេលខ្លះ)

(ទំនាក់ទំនងគាត់និងខ្ញុំល្អឬ?) ពេលនាងសួរបែបនេះអ្នកមីងម្នាក់នោះក៏ស្ទាក់ស្ទើរក្នុងការឆ្លើយ

(អីយ៉ា កុំថាខ្ញុំមាត់ច្រើនអី វាជារឿងចៃដន្យទេថ្ងៃនោះ ខ្ញុំឃើញអ្នកនាងទះកំប្លៀងអ្នកនាងមេឡាហើយស្រែកថា..........)

(ស្រែកថាម៉េច?)

(ពូកែដណ្តើមរបស់គេដូចម្តាយ)

(...................) ដេណាស្តាប់ទៅក៏មិនសូវច្បាស់ដែរ នាងគិតថារឿងនេះប្រាកដមិនមែនធម្មតាឡើយ វាមានតែកំណត់ត្រារបស់មេឡាទេដែលនាងអាចដឹងគ្រប់យ៉ាងនិងតាំងចិត្តសងនូវអ្វីដែលខ្លួនបានធ្វើ។

ក្រាក

សម្លេងបើកទ្វាធ្វើឱ្យនាងភ្ញាក់ស្មារតីហើយងាកទៅរកដើមនៃសម្លេង ឃើញថាជាអ្នកបម្រើនៅក្នុងផ្ទះដែលតែងសួរនាងជាញឹកញាប់។

«លោកស្រីមានអ្វីដែលចង់ឱ្យខ្ញុំជួយដែរទេ?»

«អត់ទេ........ឈប់សិន» ដេណាក៏នឹករឿងម្យ៉ាង

«លោកស្រីមានអ្វីឬ?»

«នាងធ្វើការទីនេះយូរហើយមែនទេ?»

«ច៎ា»

«ល្អណាស់ នាងប្រាកដជាធ្លាប់ជួបខ្ញុំពីមុនហើយមែនទេ?» ពេលអ្នកបម្រើឮបែបនេះក៏ឱនមុខចុះហាក់បីដូចជាមានអ្វីលាក់បាំង

«ធ្វើការយូរដែរហើយ ជួបលោកស្រីម្តងម្កាលប៉ុន្នោះ»

«ខ្ញុំជាមនុស្សយ៉ាងម៉េចដែរ?» អ្នកបម្រើនិយាយដោយស្នាមញញឹម

«លោកស្រីជាមនុស្សល្អណាស់ ពួកខ្ញុំនៅទីនេះក៏តែងសង្ឃឹមបានលោកស្រីធ្វើជាលោកស្រីទីនេះដែរ ក៏ប៉ុន្តែរឿងខ្លះលោកស្រីមិនចាំបាច់សារើនោះទេ»

«មិនចាំបាច់ឬ?» ដេណាកាន់តែឆ្ងល់រឿងនេះកាន់តែខ្លាំង

«ខ្ញុំមិនអាចនិយាយបានទេ»

«ខ្ញុំយល់ហើយ ឯងទៅចុះ»

ពេលល្ងាចឡើងដេណាក៏ចូលផ្ទះបាយឃើញថាគ្មានមនុស្សទើបនាងរកមើលអ្វីញុំាតែក៏បើកទូឃើញកាហ្វេទើបយកមកឆុង នឹកឃើញថាអេដៀននៅក្នុងបន្ទប់ធ្វើការមិនទាន់ចុះមកញុំាអាហារពេលល្ងាចទេ នាងគិតថានឹងឆុងកាហ្វេនិងចៀននំបុំាងឱ្យគេបន្តិច។

អេដៀនដែលកំពុងធ្វើការយប់ជ្រៅតាមទម្លាប់តាំងពីភរិយាគេស្លាប់ទៅ។ គេតែងតែបានសម្រាកព្រោះតែអាហាររបស់នាងលើកឱ្យគេជានិច្ច ជាពិសេសកាហ្វេដែលនាងតែងតែឆុងឱ្យគេ។ ភ្លិនកាហ្វេបានរសាត់ចូលច្រមុះរបស់គេ

«មេឡា! មេឡា» នេះប្រាកដណាស់ជាភ្លិនកាហ្វេរបស់នាង

Comments